១ / ៣
ចាប៉ីដងវែង: UNESCO' Intangible
Cultural Heritage.
២ / ៣
ព្រឹទ្ធាចារ្យ គង់ ណៃ
៣ / ៣
ព្រឹទ្ធាចារ្យ គង់ ណៃ
❮
❯
១. លក្ខណៈទូទៅ
«ចាប៉ី» ជាពាក្យក្លាយមកបីពាក្យសំស្ក្រឹតថា «ចក្ឆប៉ី»។ ហៅឈ្មោះថា ចាប៉ីដងវែង មកពីចាប៉ី នេះមានដងវែងទន្ទាំ
។ចាប៉ីដងវែងជាឧបករណ៍មានខ្សែ២ ឬ៤ ប៉ុន្តែវាមានសំនៀងតែ២ទេ។ វាសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស
វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ វាចែកចេញជា ដង ព្រលួត ប្រកៀន(ធរណី) ខ្ទង់
ស្នូក(ប្រអប់សំនៀង) ក្រាញ(គីង្គក់) ខ្សែ និងក្រចក។ ក្រាញធ្វើអំពីឈើធ្នង់។ ខ្សែសំនៀងធ្វើពីសរសៃសូត្រ
និងខ្សែនីឡុង។ ចាបុីដងវែង ត្រូវបានបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០១៦។
២. មុខងារ
ចាប៉ីដងវែងមានមុខងារសំខាន់ ៤យ៉ាងគឺ÷
- សំខាន់ក្នុងវង់ភ្លេងអារក្ស
ដោយគេយកឧបករណ៍នេះទៅប្រគំចូលជាមួយឧបករណ៍ដទៃទៀតក្នុងពេលលៀងអារក្សម្ដងៗតាំងពីសម័យយូរលង់ណាស់មកហើយ ។
- សំខាន់ក្នុងវង់ភ្លេងការបុរាណដែលជាប្រពៃណីរបស់ដូនតាយើងតាំងពីរាប់ពាន់ឆ្នាំមកហើយ ។
- សំខាន់សម្រាប់កំដរចំរៀងបែបកំណាព្យ ដែលអ្នកច្រៀងត្រេះផងច្រៀងផងមានប្រជាប្រិយបំផុត ។
- សំខាន់ក្នុងវង់ភ្លេងមហោរីសម័យដំបូងបង្អស់ ប៉ុន្ដែសម័យបច្ចុប្បន្ននេះ
ចាប៉ីដងវែងគ្មានវត្ដមានក្នុងវង់ភ្លេងមហោរីនេះទៀតទេ ។
៣. លក្ខណៈ
ចាប៉ីដងវែងរបស់យើងមានលក្ខណៈដូចជា ៖ ដងទាំងវែងចែកចេញជា២ឈ្មោះ គឺដង និងប្រពែ ។
- ប្រពែ គឺចាប់ពីប្រលួតទៅដល់ផ្នែកខាងចុង។
- ដង គឺចាប់ពីព្រលួតទៅទល់នឹងប្រអប់សំនៀង។ ដងធ្វើអំពីដើមក្រសាំងកាលពីសម័យដើម
ប៉ុន្ដែបច្ចុប្បន្ននេះគេយកឈើដទៃទៀតដែលមានគុណភាពប្រហាក់ប្រហែល នឹងដើមក្រសាំងមកធ្វើ ។
- ព្រលួត (បង្គាន) មាន២ ៣ ឬ៤ ចាប៉ី ខ្លះមានព្រលួត២សម្រាប់រឹតខ្សែសំនៀង២ ចាប៉ីខ្លះមានព្រលួត៤
គឺសម្រាប់រឹតខ្សែសំនៀងទាំង៤ឱ្យមានសំនៀងតែ២ ដូចចាប៉ីដែលមានព្រលួត២ដែរ។
ព្រលួតទាំងអស់នោះធ្វើអំពីឈើរឹងដូចជាឈើនាងនួន ឈើគ្រញូង ។ល ។ មានទំហំ និងប្រវែងប៉ុនៗគ្នា ។
- ធរណី គឺជាខ្ទង់ខ្ពស់ជាងខ្ទង់ដទៃ ដែលស្ថិតនៅកៀកនឹងព្រលួតសម្រាប់ទ្រខ្សែសំនៀងឱ្យផុតពីខ្ទង់ទាំងឡាយ ។
ធរណីនេះច្រើនតែបញ្ចុះក្បាច់ក្បូរលម្អ។ ខ្ទង់មានចំនួន១២ដែលតូចធំ
ទាបខ្ពស់ជាងគ្នាជាលំដាប់លំដោយមានចន្លោះពីមួយទៅមួយតាមកម្រិតសំនៀងរបស់ ខ្លួន ។
គ្រប់ខ្ទង់ទាំងអស់មានចោះប្រហោងចំកណ្ដាលសម្រាប់ដោតខ្សែការពារ ជ្រុះបាត់ ។ ខ្ទង់ចាប៉ី
គ្រប់ចាប៉ីទាំងអស់មិនបិទជាប់ទៅនឹងដងមួយកន្លែងទេ ព្រោះងាយនឹងរុះរើបិទភ្លាមៗ
មុនពេលប្រគំបានជាយ៉ាងនេះមកពីកាលណាបន្ទះកំណល់តូចស្ដើង ដែលដាក់កល់ខ្សែត្រង់លើក្រាញ (គីង្គក់)
ខិតចុះឡើងដើម្បីរាវរកសំនៀងត្រែងៗ ដែលជាលក្ខណៈសំនៀងរបស់ចាប៉ីដងវែងធ្វើឱ្យខ្ទង់ទាំងឡាយនោះ ត្រូវតែរុះរើភ្លាមៗ
ដើម្បីរាវរកសំនៀងចំរបស់ខ្លួន។ គេច្រើនយកឈើរឹង ឬឆ្អឹងមកធ្វើខ្ទង់
ជួនកាលគេយកខ្ទង់ឫស្សីរឹងមកបិទបន្ដុបពីលើខ្ទង់ទៀត ដើម្បីចៀសវាងការសឹករឹលឆាប់ពេក ។
- ស្នូក ឬប្រអប់សំនៀងមានរាងដូច ផ្លែម្នាស់ ស្នូកខ្លះទៀតមានរាងស្ទើរជ្រុងស្ទើរមូល ។ កាលពីសម័យដើម គេយកដើមរាំង
មកធ្វើស្នូក បច្ចុប្បន្ននេះគេយកប្រភេទឈើដែលមានគុណភាពប្រហាក់ប្រហែលនឹងដើមរាំងមកធ្វើ ។
សន្ទះធ្វើអំពីដើមខ្ទុម្ព ដើមរលួស ដើមពពូលថ្ម ឬប្រភេទឈើស្រាលផ្សេងៗទៀត ។ ក្រាញ (គីង្គក់) ធ្វើអំពីឈើធ្នង់
ឬឈើផ្សេងទៀត ដែលមានគុណភាពផ្ដល់សំនៀងបានល្អដូចគ្នា ។
- ខ្សែចាប៉ីដងវែងមានខ្សែ២ ឬ៤ ប៉ុន្ដែខ្សែ៤មានសំនៀងតែ២ទេ។ ខ្សែទី១ តូចឈ្មោះថា ខ្សែឯក។ ខ្សែទី២ធំឈ្មោះថា
ខ្សែគ។ខ្សែទាំង២នេះកាលពីសម័យដើមធ្វើអំពីសរសៃសូត្រវេញចូលគ្នា
ប៉ុន្ដែបច្ចុប្បន្នគេយកខ្សែជ័រនីឡុងមកប្រើជំនួសវិញ ។
- ក្រចកសម្រាប់ត្រេះធ្វើអំពីបន្ទះស្នែងតូច ស្ដើងវែង ដូចជាស្នែងគោ ឬក្របី។ល។
៤. លក្ខណៈសំនៀង
ចាប៉ីដងវែងមានលក្ខណៈពិសេសក្នុងការប្រើសំនៀង ត្រួតជាងសំនៀងរាយ ។ នៅពេលប្រគំបទណាក៏ដូចជាបទណាដែរ
គេតែងតែត្រេះខ្សែទាំង២ស្មើគ្នា ប៉ុន្ដែលំនាំសាច់បទ គឺស្ថិតនៅលើខ្សែឯកដោយគេប្រើម្រាមដៃចុចចុះចុចឡើងទៅតាមលំនាំ
នៅលើខ្សែនេះ រីឯខ្សែគ គេត្រេះបង្ហើរចោលសម្រាប់ជួយបន្ទរសាច់បទប៉ុណ្ណោះ។
ប្រសិនបើគេចង់បានចាប៉ីដងវែងឱ្យមានសំនៀងល្អ ឮខ្លាំង គេត្រូវធ្វើវាតាមពាក្យស្លោកចាស់បុរាណថា «ស្នូករាំង ដងក្រសាំង
សន្ទះខ្ទុម្ព គីង្គក់ធ្នង់ ខ្ទង់ឆ្អឹង» ។
៥. សាច់ភ្លេង
សាច់ភ្លេងធំៗទាំង ៤ សម្រាប់លេងកំដរពេលច្រៀងទោល និងឆ្លើយឆ្លងរួមមាន៖
- បទផាត់ជាយ៖ ប្រើសម្រាប់នមស្សកា (គុណព្រះរតនត្រ័យ)រំលឹកគុណគ្រូ មាតា បិតា)។
- បទសំពោង៖ ប្រើសម្រាប់បង្ហាញអារម្មណ៍កំសត់ និរាសព្រាត់ប្រាស។
- បទផាត់ជាយក្លាយ៖ ប្រើសម្រាប់រៀបរាប់ដំណើររឿងវែងអន្លាយ។
- បទនគររាជ៖ ប្រើសម្រាប់ជូនពរជ័យ។
៦. ការបង្រៀន
ការបង្រៀនចាប៉ីដងវែងពីម្នាក់ទៅម្នាក់ទៀត គេតែងតែប្រើភាសាចាប៉ីថា «ត្រែង ទីងត្រែង
ទីរីរែង ទីងត្រែង ទីងទីងត្រែង ទីរី រែង ទីងត្រែង»។ តាមគំនិតចាស់បុរាណបានឱ្យនិមិត្ដរូបលើឧបករណ៍នេះថា
«ស្នូកតំណាងក្បាលនាគ ដងតំណាងខ្លួននាគ ប្រពែតំណាងកន្ទុយនាគ» ៕
៧. ព្រឹទ្ធាចារ្យចាប៉ីដងវែង
- ព្រឹទ្ធាចារ្យ ពូថៅ ដៃ
- ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន
- ព្រឹទ្ធាចារ្យ គង់ ណៃ
- ព្រឹទ្ធាចារ្យ ចង្កូម ប្រាំបី
- ព្រឹទ្ធាចារ្យ នេត ប៉េ
- ព្រឹទ្ធាចារ្យ ម៉ម សុន
- ព្រឹទ្ធាចារ្យ អ៊ិន សារុន ម្ចាស់ពានចាប៉ីដងវែងលេខ២ នៅសម័យសង្គមរាស្រ្តនិយម ជាកូនសិស្សលោកតា ពូថៅ ដៃ
ឆ្នាំ១៩៦០។
- ព្រឹទ្ធាចារ្យ ងាំ ង៉ូ
- ព្រឹទ្ធាចារ្យ សួន សាន ម្ចាស់ពានរង្វាន់ចាប៉ីដងវែងលេខ២ ប្រចាំឆ្នាំ២០០២។
- ព្រឹទ្ធាចារ្យ គុយ ហ៊ីន
៨. អ្នកចាប៉ីដងវែងបច្ចុប្បន្ន
- លោក ពេជ្រ សារ៉ាត់
- លោក សាន វណ្ណឌឿន
- លោក ឌួង សុខគា